២៦១. សេចក្តីស្រឡាញ់

Love
កំណាព្យ ពាក្យ៧

១-     នេះនឹងថ្លាថ្លែងចែងចារចង    លើកតាមល្បិចល្បងដោយវិជ្ជា
         ប្រាំពីរពាក្យពិតគិតបួនឃ្លា          ចេះតាមពណ៌នាសញ្ញាថ្មី ។

២-     ថាបើខ្ញុំចេះគ្រប់ភាសា               មនុស្សជាតិនានាទេវតាក្តី
         មិនបានសម្រេចដូចហឫទ័យ         ព្រោះនៅខ្វះក្តីស្រឡាញ់នេះ។

៣-     ប្រៀបដូចលង្ហិនឬដូចឈឹង     ដែលឮទ្រហឹងខ្លាំងដល់ម្លេះ 
          ក៏គ្មានអំណាចនិងតេជ               ព្រោះខ្ញុំបានលះក្តីស្រឡាញ់។

៤-     ខ្ញុំចេះអធិប្បាយស្គាល់សេចក្តី        យល់អស់ទាំងន័យអាថ៌កំបាំង
         វិជ្ជាផ្សេងៗហើយព្រមទាំង          ជំនឿមាំខ្លាំងរើភ្នំបាន  ។

៥-     បើខ្វះសេចក្តីស្រឡាញ់ព្រះ           ក៏ដូចខ្ញុំខ្វះទាំងប៉ុន្មាន
         មិនអាចបំពេញចិត្តខ្ញុំបាន             ព្រោះហេតុខ្ញុំគ្មានក្តីស្រឡាញ់ ។

៦-     ទោះខ្ញុំខំចែកទ្រព្យទាំងអស់         ឱ្យកាយទាំងរស់ឥតកំណាញ់
         ទៅដុតបូជាយ៉ាងណាមិញ           ខ្វះក្តីស្រឡាញ់ឥតប្រយោជន៍  ។

៧-     សេចក្តីស្រឡាញ់ធំធេងណាស់      មិនប្រែក្រឡាស់ឬរុះរោចន៍
         មិនប្រកាន់ខឹងឬយកទោស         មានចិត្តសន្តោសហើយសប្បុរស។

៨-     មិនចេះឈ្នានីសឬអួតខ្លួន               មិនចេះគុំកួនឬកុហក
         មិនដែលធ្វើអ្វីនាំឱ្យល្អក់         ចិន្តាស្មគ្រ័ស្មោះអស់ហឫទ័យ  ។
 
៩-     មិនយកប្រយោជន៍តែខ្លនឯង       ទោះបីយើងគេទាំងប្រុសស្រី
         អំពើទុច្ចរិតចិត្តពីរបី                      លះចោលចេញខ្មីមិនទុកនៅ។

១០-     សប្បាយតែនឹងក្តីសុចរិត         ក៏គ្របបាំងជិតអ្វីទូទៅ
           ជំនឿសង្ឃឹមថិតថេរនៅ          ទ្រាំទ្រគ្រប់ផ្លូវបានទាំងអស់ ។

១១-     ភាសាដទៃឈប់និយាយ        ចំណេះទាំងឡាយក៏សូន្យសោះ
    សេចក្តីស្រឡាញ់មិនចេះអស់       ដ្បិតយើងចេះនោះមិនពោរពេញ។

១២-     ប្រសិនបើចេះគ្រប់សព្វស្មោះ         មិនពេញខ្នាតនោះក៏ថយចេញ
    ឯក្តីគ្រប់លក្ខណ៍ក៏ចូលវិញ            អធិប្បាយក៏ពេញពោរតាមខ្នាត។

១៣-     ដូចកាលខ្ញុំក្មេងគំនិតក្មេង             ការនិយាយលេងនៅខ្វះខាត
    ព្រោះខ្ញុំនៅក្មេងមិនសង្វាត            ភាពមិនសូវស្អាតព្រោះខ្លួនក្មេង។

១៤-     លុះដល់ខ្ញុំធំឡើងកាលណា             លះបង់ការងារដែលខ្ញុំលេង
    ប្រៀបដូចកញ្ចក់ភ្លឺថ្លាឈ្វេង           ឆ្លូុះឃើញខ្លួនឯងមិនស្រឡះ។

១៥-     ដោយព្រោះគម្ពីរបានសំដែង          ឱ្យឃើញរូបឯងតែមិនច្បាស់
    សល់ការប្រព្រឹត្តមិនគិតខ្មាស់         តែវេលានោះស្គាល់ច្បាស់វិញ។

១៦-     ក៏ដូចជាព្រះទ្រង់ស្គាល់ដែរ            ទោះបីខ្ញុំខ្មែរតែពោរពេញ
           សេចក្តីស្រឡាញ់មិនទោម្នេញ      ខ្ញុំតាមបំពេញហឫទ័យទ្រង់។

១៧-     ជំនឿសង្ឃឹមនិងស្រឡាញ់          អារក្សចុះចាញ់រួញក្រាបអង្គ
    ស្រឡាញ់វិសេសលើសទាំងសង      ជឿសង្ឃឹមផងមិនស្មើថ្លៃ ។

១៨-      ច្នេះចូរដេញតាមក្តីស្រឡាញ់        វេញចិត្តត្របាញ់ឥតមោះមៃ
    ខំបើកចំហដួងហឫទ័យ              ទទួលសេចក្តីស្រឡាញ់ពិត ៕
២៦១. សេចក្តីស្រឡាញ់ ២៦១. សេចក្តីស្រឡាញ់ Reviewed by Yarith on 8:11 AM Rating: 5

No comments:

ads
Powered by Blogger.