១០១. ព្រះបន្ទូលទ្រង់
បទភ្លេង និងទំនុកៈ លោក សម សារិន ១៩៨៤
១- ព្រះបន្ទូលទ្រង់មានឫទ្ធិអនេក កសាងផ្ទៃមេឃ មានពេញដោយសិរីល្អ
មើលថ្ងៃ ខែ និងផ្កាយ ពន្លឺរះឡើងបវរ ទាំងអស់ត្រេចចរ
តាមផ្លូវទ្រង់រៀឱ្យដើរ ។
២- ព្រះបន្ទូលទ្រង់មានឫទ្ធិខ្លាំងក្រៃ បង្កើតផែនដី និងរបស់សព្វសារពើ
មានសព្វសត្វរវើក ក្នុងទឹកលើគោក ហោះហើរ តិណជាតិព្រៃឈើ
ឱ្យដុះកើតផលតាមពូជ ។
៣- ព្រះបន្ទូលទ្រង់នោះមានអំណាច បំបាក់ចិត្តកាច ចិត្តធំរឹងរូសប្រោសរួច
កាលទ្រង់មានបន្ទូល មានអំណាចឆ្នៃចិត្តខូច បំផ្លាស់ឱ្យដូច
ហឬទ័យស្រឡាញ់នៃព្រះ ។
៤- ព្រះបន្ទូលទ្រង់ប្រោសឱ្យសះជា ជម្ងឺគ្រាំគ្រា ក្រោមអំណាចបាបកម្មក្រាស់
ទោះបីឃ្លង់ ថ្លង់ខ្វាក់ ព្រះបន្ទូលជាថ្នាំផ្សះ ឱ្យជាស្រឡះ
ស្នាមចាស់ក្នុងចិត្តជ្រះអស់ ។
៥- ព្រះបន្ទូលទ្រង់ឈ្នះគ្រប់អំណាច ពួកខ្លាំងកោងកាច ត្រូវដួលចុះឥតងើបសោះ
ខ្មាំងកោតខ្លាចញាប់ញ័រ ពេលឮព្រះបន្ទូលរស់ ដកឃ្លារត់ដោះ
ដោយចាញ់អំណាចចេស្តា ។
៦- ព្រះបន្ទូលទ្រង់ ជាតួអង្គព្រះ ដ៏មានតេជ គឺអង្គព្រះរាជបុត្រា
ទ្រង់មាននាមយេស៊ូវ សង្គ្រោះមនុស្សក្នុងលោកា ជួយអស់អ្នកណា
ព្រមស្តាប់ហើយជឿតាមទ្រង់ ៕
១០១. ព្រះបន្ទូលទ្រង់
Reviewed by Yarith
on
7:18 AM
Rating:

No comments: