សុខភាព ២ របបអាហារសំរាប់ជីវិតអ្នក | Voice of Hope Studio
Health & Welfare Chapter 02 Diet for a Lifetime | Voice of Hope Studio
ឧបមាថាលោកអ្នកទើបតែបានទិញរថយន្តថ្មីស្រឡាងមួយគ្រឿង ដែលល្អជាងគេ និងមានតលៃថ្លៃទៀតផង។
តើលោកអ្នកគិតថា នឹងចាក់សាំងអន់បំផុត ហើយមិនរវល់នឹងប្តូរប្រេងម៉ាស៊ីន
ឬក៏មិនអើពើទាល់តែសោះនឹងត្រួតពិនិត្យតាមការណែនាំរបស់ក្រុមហ៊ុននោះ? ពិតជាមិនដូច្នោះឡើយ!
ប្រសិនបើលោកអ្នកបានចំណាយប្រាក់ត្រឹមតែជាង ៩0 000 (ប្រាំបួនម៉ឺន) ដុល្លារ សម្រាប់រថយន្តដ៏ទំនើបមួយនេះ លោកអ្នកយកចិត្តទុកដាក់ថែរក្សាវាឲ្យបានល្អអស់ពីចិត្តទៅហើយ។
រីឯរាងកាយរបស់មនុស្ស មានដំណើរការល្អជាង ស្មុគស្មាញជាង និងវិសេសវិសាលជាងយានយន្តណាៗទាំងអស់
នៅលើពិភពលោកនេះ។ រាងកាយរបស់យើងមានការអស្ចារ្យ និងការតាក់តែងយ៉ាងប្រណីតលើសពីគ្រឿងយន្តណាៗទាំងអស់។
សូមលោកអ្នកគិតអំពីភាពអស្ចារ្យនៃកោសិកាមួយគ្រាប់ វាមានភាពស្មុគស្មាញនៃខួរក្បាល ភាពសាំញ៉ាំនៃបេះដូង ឬការអស្ចារ្យរបស់ព្រះ ទាក់ទងនឹងកំណើតរបស់យើង។
មនុស្សយើងជាស្នាព្រះហស្តដែលព្រះបានរៀបចំតាក់តែងដោយប្រុងប្រយ័ត្ន។ ព្រះអាទិករដែល ពោរពេញទៅដោយសេចក្ដីស្រឡាញ់របស់យើង បានបង្កើតយើងដែលត្រូវប្រើប្រេងឥន្ធនៈល្អជាងរថយន្តទៅទៀត
ដើម្បីផ្តល់ថាមពលដល់ជីវិតរបស់យើង ហើយប្រេងឥន្ធនៈនោះ បានមកពីចំណីអាហារដែលយើងបរិភោគជាប្រចាំ។
ប្រសិនបើគ្មានសាំងស៊ុពែរនៅក្នុងរថយន្តទំនើបទេ ការធ្វើដំណើរក៏មិនបានឆ្ងាយដែរ ថាមពលក៏បាត់បង់ហើយម៉ាស៊ីនក៏មិនអាចដំណើរការរលូនទៅបានដែរ។
ហើយប្រសិនបើគ្មានអាហារ រូបត្ថម្ភត្រឹមត្រូវទេ នោះរាងកាយរបស់យើងក៏មិនអាចដំណើរការទៅបានល្អដែរ។
ដូច្នេះ របបអាហារដែលមានតុល្យភាពមួយ ដែលបានជ្រើសមកពីអាហារដ៏ល្អបំផុត នឹងផ្តល់នូវសារធាតុចិញ្ចឹមដ៏សំខាន់ចាំបាច់
ដែលរាងកាយត្រូវការសម្រាប់លូតលាស់ ការថែរក្សា និងផ្តល់ថាមពល។ នៅពេលដែលយើងជ្រើសរើសអាហារដែលមានគុណភាពទាប
ឬមិនបានបរិភោគអាហារដ៏ល្អបំផុតឲ្យបានគ្រប់គ្រាន់ គ្រឿងម៉ាស៊ីននៃរាងកាយយើង ក៏ទទួលរងការឈឺចាប់ដែរ។
ហើយប្រសិនបើយើងបិរភោគអាហារដែលបានចម្រាញ់រួចច្រើនពេក យើងក៏ងាយនឹងទៅជាធាត់ ហើយនិងខ្វះសារធាតុចិញ្ចឹម
សំខាន់ៗផងដែរ។ ព្រះដែលបានបង្កើតយើងមក ទ្រង់យកព្រះទ័យទុកដាក់ចំពោះសុខភាពរបស់យើងណាស់
ដូច្នេះយើងក៏គួរតែយកចិត្តទុកដាក់អំពីបញ្ហាសុខភាពខ្លួនឯងផងដែរ។ លោកសាវ័ក យ៉ូហាន
បានអធិស្ឋានយ៉ាងដូច្នេះថា «អ្នកស្ងួនភ្ងាអើយ ខ្ញុំប្រាថ្នាចង់ឲ្យអ្នករាល់គ្នា បានចម្រើនឡើងគ្រប់ជំពូក
ហើយឲ្យបានសុខសប្បាយខាងរូបសាច់ ដូចជាព្រលឹងអ្នកបានចម្រើនឡើងដែរ» (យ៉ូហានទី៣ ខ ២)។
អស់លោកអ្នកស្ដាប់ជាទីមេត្រី! ជាបន្តទៀត
នាងខ្ញុំ សូមជំរាបជូនពី ការយល់អំពីចំណីអាហារដែលមានជីវជាតិល្អ។ តើអាហារបែបណាដែលចាត់ទុកថា
ជាអាហារដែលមានជីវជាតិល្អជាងគេ? យើងចាក់ប្រេងសាំងឲ្យរាងកាយរបស់យើង ដោយចំណីអាហារដែលយើងជ្រើសរើសដើម្បីបរិភោគ។
ចំណីអាហារទាំងនោះផ្តល់នូវសារធាតុចិញ្ចឹមសំខាន់ៗ ដល់ជីវិតដែលមានសុខភាពល្អ និងមានការចម្រើនលូតលាស់។
ការរំលាយអាហារមានដំណើរការយ៉ាងស្មុគស្មាញ នៃការបំបែកអាហារឲ្យទៅជាផ្នែកតូចៗ សម្រាប់ស្ថាបនារាងកាយ
ដើម្បីឲ្យរាងកាយអាចប្រើអាហារទាំងនេះ សម្រាប់ទ្រទ្រង់ជីវិត។ ដំណើរការនេះបានចាប់ផ្តើមនៅក្នុងមាត់
ហើយរំកិលចូលទៅក្នុងក្រពះ បន្ទាប់មកចូលទៅក្នុងពោះវៀនតូច ហើយទីបំផុតទៅពោះវៀនធំ។
សុខភាព ២ របបអាហារសំរាប់ជីវិតអ្នក | Voice of Hope Studio
Reviewed by Voice of Hope Studio
on
4:40 PM
Rating:

No comments: